ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការងាររៀបចំជូនដំណើរប្រជាពលរដ្ឋចំនួន ៣៤ គ្រួសារ មកពីបណ្តាក្រុង-ស្រុកទាំង១១ ក្នុងខេត្ត ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីត្រៀមចេញដំណើរទៅកាន់ទីតាំងថ្មី ស្ថិតនៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែតុលា ខាងមុខនេះ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា៖ «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» គឺជាគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធានានូវសន្តិសុខដីធ្លី ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងការពារធនធានធម្មជាតិប្រកបដោយចីរភាព។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា៖ ប្រជាពលរដ្ឋទាំង ៣៤ គ្រួសារ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងប្រកបដោយតម្លាភាព តាមបណ្តាក្រុង-ស្រុកទាំង ១១ ក្នុងខេត្តកណ្តាល គឺដើម្បីធានាឱ្យដំណើរការផ្លាស់ទីលំនៅប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព ឯកឧត្តមបានផ្តល់ការណែនាំសំខាន់ៗដល់អាជ្ញាធរពាក់ព័ន្ធ រួមមាន៖ត្រូវត្រៀមរថយន្ត សម្រាប់ជូនដំណើរប្រជាពលរដ្ឋ និងសម្ភារប្រើប្រាស់អោយបានគ្រប់គ្រាន់ និងមានភាពងាយស្រួល ព្រមទាំងបិទស្លាកលេខសម្គាល់លើរថយន្ត និងកំណត់លេខផ្ទះជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការសម្របសម្រួល និងរៀបចំកន្លែងស្នាក់នៅនិងរៀបចំក្រុមគ្រូពេទ្យ ឱសថ និងផ្តល់ជូននូវស្បៀងអាហារ គ្រឿងបរិភោគចាំបាច់ សម្រាប់កំឡុងពេលធ្វើដំណើរ និងការស្នាក់នៅបណ្តោះអាសន្ន។
ឯកឧត្តមបានបន្ថែមថា៖ ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង និងស្រុកសេសាន ដើម្បីរៀបចំដីឡូត៍លំនៅឋាន ដីបង្កបង្កើនផល និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ និងត្រួតពិនិត្យ និងរៀបចំឯកសារផ្លាស់ប្តូរទីលំនៅ ព្រមទាំងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់តាមនីតិវិធីច្បាប់។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖ គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ បម្រើ និងសម្របសម្រួលជូនប្រជាពលរដ្ឋឱ្យទទួលបាននូវភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងរឹងមាំលើការដឹកនាំ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី។
សូមបញ្ជាក់ផងដែរថា៖ ប្រជាពលរដ្ឋក្រីក្រទាំង ៣៤ គ្រួសារដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» មានសមាសភាពមកពីក្រុង-ស្រុកទាំង ១១ ក្នុងខេត្តកណ្តាល រួមមាន៖ ស្រុកកណ្តាលស្ទឹង, ស្រុកកៀនស្វាយ, ក្រុងតាខ្មៅ, ស្រុកខ្សាច់កណ្តាល, ស្រុកកោះធំ, ស្រុកស្អាង, ស្រុកអង្គស្នួល, ស្រុកពញាឮ, ក្រុងអរិយក្សត្រ, ស្រុកមុខកំពូល និងស្រុកល្វាឯម៕
